នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំរៀបចំកម្មវិធីទិវាស្រែ បង្ហាញពូជស្រូវសែនក្រអូប០១ ដើម្បីផ្សព្វផ្សាយនិងជំរុញ ការប្រើប្រាស់ពូជស្រូវនេះ ឱ្យបានទូលំទូលាយ
កម្មវិធីនេះដែរមានការចូលរួមពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ អគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារនាយកដ្ឋានដំណាំស្រូវ អ្នកតំណាង CAVAC ,Rice-SDP , IRRI , RSPP កសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ អង្គការមិនមែនរដ្ឋាភិបាល ពាក់ព័ន្ធដំណាំស្រូវ សហគមន៍ ក្រុមផលិតគ្រាប់ពូជស្រូវ តំណាងរោងម៉ាស៊ីនកិនស្រូវ ឈ្មួញប្រមូលទិញស្រូវ និងកសិករប្រមាណ ៥០នាក់ ដែលប្រព្រឹត្តទៅ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ឧបត្ថម្ភម្ភគាំទ្រដោយគម្រោងខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា - អូស្ដ្រាលី (CAVAC) ។
គួរជម្រាបផងដែរថា ពូជស្រូវ “សែនក្រអូប០១” ជាពូជស្រូវដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ បច្ចុប្បន្ន ពូជស្រូវ “សែនក្រអូប០១” បាននឹងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្ដល់នូវទិន្នផលខ្ពស់ មានខ្លិនក្រអូប គុណភាពអង្ករល្អមានភាពវែងរលូន និងបាយទន់ឆ្ងាញ់ ពិសារទៀតផង ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
+លក្ខណៈពិសេសរបស់ពូជស្រូវ “សែនក្រអូប០១”ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដូចនេះពូជនេះអាចចេញផ្កា បានគ្រប់ពេល ដរាបណាលក្ខខណ្ឌដាំដុះអំណោយផល។ អាស្រ័យដោយហេតុផលខាងលើនេះ ទើបពូជស្រូវ“សែនក្រអូប០១” អាចដាំដុះនៅគ្រប់រដូវ និងមានអាយុកាលចាប់ពីថ្ងៃសាបរហូតដល់ ប្រមូលផលពី ១០៥-១១៥ ថ្ងៃ កម្ពស់ដើមប្រែប្រួលពី ១០៧-១១៤ ស.ម ចំនួនដើមបែកផ្ដល់ផល ពី ៥-១០ដើម ក្នុងមួយគុម្ព ចំនួនគ្រាប់ក្នុងកួរមានចាប់ពី ១០០-១៤០ មានប្រវែងកួរពី ២០-៣០ ស.ម និងផ្ដល់ទិន្នផល ៣,៩ តោន ទៅ ៤,៩ តោនក្នុង១ហិកតា ។





















































